ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភឯកសណ្ឋានដល់ប្រជាការពារក្នុងឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីប្រើប្រាស់ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឃុំកំពែង។

លោកស្រីឧកញ៉ា បានបង្ហោះសារឆ្លើយតបទៅនឹងលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលឃុំកំពែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បែបនេះថា៖ “សូមថ្លែងអំណរគុណចំពោះ លោកមេឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ដែលបានផ្តល់លិខិតថ្លែងអំណរគុណមកដល់នាងខ្ញុំ និងស្វាមី។ នេះក៏ជាការចូលរួមចំណែកបន្តិចបន្តួចរបស់នាងខ្ញុំ និងក្រុមគ្រួសារ ក្នុងការតបស្នងសងគុណដល់មាតុភូមិកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ និងការងារសង្គមនានា ដូចជា ការផ្តល់សម្ភារៈសិក្សាជូនសាលារៀននៅតំបន់ដាច់ស្រយាល ការជីកអណ្តូងទឹកសម្រាប់ភូមិឃុំដែលខ្វះខាតទឹកប្រើប្រាស់ ការជួយឧបត្ថម្ភដល់ជនមានពិការភាព មនុស្សចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផ្សេងៗទៀត”។
ឧកញ៉ា ណូ សុភា ជឿជាក់ថា ទោះបីជាការចូលរួមរបស់យើងមានទំហំតូចក្តី ប៉ុន្តែបើមនុស្សគ្រប់រូបរួមចំណែកតាមលទ្ធភាពរបស់ខ្លួន នោះនឹងអាចក្លាយជាកម្លាំងដ៏ធំមួយក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ និងនាំមកនូវសេចក្តីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ។
សូមជម្រាបថា ឧកញ៉ា ណូ សុភា កើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ ជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់ប្រទេសកម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។



