អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចូលរួមពិធីសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ចំបក់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេសប្រេស ខូអិលធីឌី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ស្ថិតនៅខេត្ត​កំពង់ស្ពឺ ដែលពិធីនេះធ្វើ​ឡើង​ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ក្នុងគោលបំណងស្តាប់របាយការណ៍វឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងទទួលយកសំណូមពរ និងមតិយោបល់ពីប្រជាសហគមន៍ ដើម្បីរួមគ្នាកំណត់​ទិសដៅអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​របស់សហគមន៍អេកូទេសចរណ៍​ចំបក់ ដែលបានរួមគ្នាអភិរក្សធនធានធម្មជាតិ ការពារបរិស្ថាន និងបង្កើតផលិតផលទេសចរណ៍បែបសហគមន៍ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផល​ទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍​សហគមន៍ឱ្យកាន់តែទូលំ​ទូលាយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសហគមន៍បន្តថែរក្សាធនធានធម្មជាតិ ពង្រឹងភាពស្អាត អនាម័យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ និងធ្វើឱ្យសហគមន៍ក្លាយជាគំរូ​នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។