កូនស្រីបង្កើតរបស់អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មួយរូបទៀត ឈ្មោះ Melissa Jia Hui Quach បានបញ្ចប់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ នៅសាលា Northbridge International School Cambodia (NISC) ដែលជាសាលារបស់អ្នកឧកញ៉ា គិត ម៉េង។

អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) បានបង្ហោះសារលើហ្វេសប៊ុក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថា៖ សូមអបអរសាទរកូនស្រីជាទីស្រឡាញ់របស់ម៉ាក់ និងប៉ា! ថ្ងៃនេះ មិនត្រឹមតែជាថ្ងៃបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏មានន័យមួយក្នុងជីវិតរបស់កូនផងដែរ។ ការមើលឃើញកូនលូតលាស់ធំធាត់ពីក្មេងស្រីតូចម្នាក់ ទៅជាយុវតីដែលរឹងមាំ មានចិត្តល្អ និងឆ្លាតវៃ ធ្វើឱ្យម៉ាក់ និងប៉ា មានមោទនភាព និងក្តីអំណរខ្លាំងណាស់”។
“ម៉ាក់ និងប៉ា ក៏មានមោទនភាពយ៉ាងខ្លាំង ដែលកូននឹងបន្តដំណើរសិក្សារបស់កូននៅសាកលវិទ្យាល័យ King’s College London ចក្រភពអង់គ្លេស។ នេះគឺជាឱកាសដ៏អស្ចារ្យមួយ និងជាការចាប់ផ្តើមនៃជំពូកថ្មីដ៏មានន័យក្នុងជីវិតរបស់កូន។ នៅពេលកូនត្រៀមខ្លួនចាប់ផ្តើមជំពូកថ្មីនៃដំណើរជីវិត និងបន្តការសិក្សានៅបរទេស សូមកូនចងចាំថា ភាពជោគជ័យពិតប្រាកដ មិនមែនវាស់វែងត្រឹមតែតាមរយៈការសិក្សា និងការសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅលើអត្តចរិត វិន័យ និងជម្រើសដែលកូនត្រូវជ្រើសរើសក្នុងជីវិត”។ អ្នកឧកញ៉ា បានបន្ត។
អ្នកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា៖ “កូនត្រូវជ្រើសរើសមនុស្សល្អៗនៅជុំវិញខ្លួន រក្សាគុណតម្លៃល្អរបស់ខ្លួន ហើយកុំឈប់រៀនសូត្រ និងអភិវឌ្ឍខ្លួនឯង។ មិនថាកូនទៅដល់ទីណាទេ កូននឹងនៅតែជាកូនស្រីជាទីស្រឡាញ់របស់ម៉ាក់ និងប៉ា ជានិច្ច ហើយម៉ាក់ និងប៉ា នឹងតែងតែស្រឡាញ់ គាំទ្រ និងជឿជាក់លើកូនជានិច្ច។ ស្រឡាញ់កូនជានិច្ច ពីម៉ាក់និងប៉ា”។
គួររំឭកថា កាលខែសីហា ឆ្នាំ២០២២ កូនស្រីច្បងរបស់ អ្នកឧកញ៉ា គួច ម៉េងលី ឈ្មោះ Jasmine Jing Yian Quach ក៏បានបញ្ចប់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ នៅសាលា Northbridge International School Cambodia (NISC) ផងដែរ៕











