សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងថា មកទល់ម៉ោងនេះ កម្ពុជាមិនទាន់បានដកសញ្ជាតិអ្នកមួយទេ ខុសពីថៃ ដែលដកសញ្ជាតិថៃពីអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន។

ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះថា៖ «មកទល់ម៉ោងនេះ យើងមិនទាន់បានដកសញ្ជាតិអ្នកមួយទេ ក្នុងពេលដែលថៃបានដកសញ្ជាតិពីរនាក់រួចទៅហើយ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន»។
សម្ដេចតេជោ បានបន្ថែមថា នៅលើពិភពលោក មានប្រទេសជាច្រើន ដែលស្ទើរតែ៨០% ដែលមានច្បាប់ដកសញ្ជាតិ ហើយមកដល់ម៉ោងនេះ កម្ពុជាមិនទាន់ដកសញ្ជាតិអ្នកណាមួយនោះទេ តែអាចនឹងឈានដល់ ការដក ប្រសិនបើគេប្រព្រឹត្ដដល់កម្រិតនោះ។
សូមជម្រាបថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តុលាការថៃ និងសមត្ថកិច្ចថៃ ចេញដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន ដែលស្ថិតនៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធ្វើការរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។ ដោយឡែកនៅ នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលថៃ បានសម្រេចដកសញ្ជាតិពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា។ រដ្ឋាភិបាលថៃ បានពន្យល់ថា ការដកសញ្ញាតិនេះ ដោយសារ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង អ្នកឧកញ៉ា កុក អានមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ៕



