អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេសប្រេស ខូអិលធីឌី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ក្នុងគោលបំណងស្តាប់របាយការណ៍វឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងទទួលយកសំណូមពរ និងមតិយោបល់ពីប្រជាសហគមន៍ ដើម្បីរួមគ្នាកំណត់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អេកូទេសចរណ៍ចំបក់ ដែលបានរួមគ្នាអភិរក្សធនធានធម្មជាតិ ការពារបរិស្ថាន និងបង្កើតផលិតផលទេសចរណ៍បែបសហគមន៍ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍សហគមន៍ឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសហគមន៍បន្តថែរក្សាធនធានធម្មជាតិ ពង្រឹងភាពស្អាត អនាម័យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ និងធ្វើឱ្យសហគមន៍ក្លាយជាគំរូនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។






