ចំនួនកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីមានការវាយប្រហារជាថ្មី

អន្តរជាតិ

ចរាចរណ៍ដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកសមុទ្រ Hormuz បានធ្លាក់ចុះជាងពាក់កណ្តាលបន្ទាប់ពីមានការវាយប្រហារពីរលើកលើកប៉ាល់ដឹកទំនិញ ដែលធ្វើឲ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើងកម្តៅសារជាថ្មី។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីក្រុមហ៊ុនតាមដានផ្លូវសមុទ្រ Kpler បានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃកប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃទី២៧ មានចំនួន ២៩ គ្រឿង និងថ្ងៃ២៨ ខែមិថុនា មានចំនួន ១៩​ គ្រឿង ដែលជាការថយចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងសប្តាហ៍មុន។

គួរឲ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៥ ខែមិថុនា ដោយមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ ចរាចរណ៍ដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់នេះបានកើនឡើងបន្តិចម្តងៗ ដោយឈានដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីការចាប់ផ្តើមជម្លោះនៅថ្ងៃទី២៤ ខែមិថុនា ដោយមានកប៉ាល់ឆ្លងកាត់សរុបចំនួន ៧០ គ្រឿង។

តែទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា កប៉ាល់ដឹកទំនិញ Ever Lovely ដែលមានទង់ជាតិសិង្ហបុរី ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ខណៈពេលកំពុងធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ ដើម្បីចាកចេញពីកំពង់ផែ Hormuz។ ប៉ុន្មានម៉ោងក្រោយមក ចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់កំពង់ផែ Hormuz បានចាប់ផ្តើមថយចុះ។

ជម្រាបជូនថា ការវាយប្រហារលើកប៉ាល់ Ever Lovely នេះ ហាក់បានបញ្ឆេះភាពតានតឹងឡើងវិញនៅក្នុងច្រកសមុទ្រ Hormuz។ យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅភាគខាងត្បូងរបស់អ៊ីរ៉ង់ ដើម្បីសងសឹក ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការវាយប្រហារគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់៕​