ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសឧបត្ថម្ភថវិកា ៥,០០០ដុល្លារ ដល់ស្ត្រីចំណាស់មួយរូប បម្រើការងារជាអ្នកអនាម័យ ដែលរងការវាយធ្វើបាប ពីសំណាក់ម្ចាស់ផ្ទះ ដើម្បីអាចរស់នៅដោយថ្លៃថ្នូរ។

កាលពេលថ្មីៗនេះ បានការផ្ទុះលើបណ្តាញសង្គម ដោយម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយវាយធ្វើបាយ ចាប់បង្ខាំងស្រ្តីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោឃៅ។ ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំស្រ្តីបង្កខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ។
ក្រោយឃើញហេតុការណ៍នេះ ឧកញ៉ា ណូ សុភា បានប្រកាសលើបណ្តាញសង្គមថា៖ “ដោយក្តីមេត្តាពីបេះដូង នាងខ្ញុំសូមជួយឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លារអាមេរិក ដើម្បីឱ្យគាត់មានដើមទុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អាចរស់នៅដោយថ្លៃថ្នូរ និងមិនចាំបាច់ត្រឡប់ទៅរងការធ្វើបាប ឬការមើលងាយពីអ្នកណាទៀត។
ពេលនាងខ្ញុំបានឃើញទឹកមុខរបស់មីង និងបានដឹងពីការឈឺចាប់ដែលគាត់បានឆ្លងកាត់ ពិតជាធ្វើឱ្យបេះដូងនាងខ្ញុំឈឺចាប់ និងស្រក់ទឹកភ្នែក។ ទឹកមុខរបស់គាត់មើលទៅស្លូតបូត សុភាពរាបសារ និងគួរឱ្យអាណិតណាស់ ប៉ុន្តែបែរជាត្រូវទទួលរងអំពើហិង្សា និងការធ្វើបាបយ៉ាងឃោរឃៅ។ គ្មានមនុស្សណាម្នាក់សមនឹងទទួលរងការវាយដំ ការប្រមាថ ឬការជិះជាន់ឡើយ។ មនុស្សដែលកំពុងរងទុក្ខ ត្រូវការតែការអាណិតអាសូរ ក្តីស្រឡាញ់ ការគោរព និងឱកាសដើម្បីចាប់ផ្តើមជីវិតថ្មី”។
លោកស្រីឧកញ៉ា បានបន្ថែមថា៖ “សូមបងប្អូនមេត្តាជួយចែករំលែកព័ត៌មាននេះផង។ ប្រសិនបើមីង ឬអ្នកដែលស្គាល់គាត់បានឃើញសារនេះ សូមជួយឱ្យគាត់ទាក់ទងមកក្រុមការងាររបស់នាងខ្ញុំ។ សូមឱ្យក្តីមេត្តា និងសេចក្តីស្រឡាញ់ ឈ្នះអំពើហិង្សា ហើយសូមឱ្យគាត់មានឱកាសចាប់ផ្តើមជីវិតថ្មីដោយសេចក្តីថ្លៃថ្នូរ”។



