ឧកញ៉ាបណ្ឌិត លី រិទ្ធ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួម «យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល»

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមចូលរួម «យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុកតាមរយៈគុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍ ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ចប្រមាណ ២.០០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «សូមម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និងនវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព។»

សូមជម្រាបថា យុទ្ធនាការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។