លោក ត្រាំ កើបលុយបានជិត ១,២ពាន់លានដុល្លារ ពីការជួញដូររូបិយប័ណ្ណគ្រីបតូ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរកចំណូលជិត ១,២ពាន់លានដុល្លារ ពីអាជីវកម្មរូបិយប័ណ្ណគ្រីបតូរបស់លោកកាលពីឆ្នាំមុន រួមជាមួយប្រាក់ចំណេញរាប់សិបលានដុល្លារផ្សេងទៀត​ ពីវិស័យអចលនទ្រព្យផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហាញព័ត៌មានហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានដាក់ជូនការិយាល័យសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា លោក ត្រាំ ទទួលបានទឹកប្រាក់ជាង ៥០០លានដុល្លារពីក្រុមហ៊ុន World Liberty Financial តាមរយៈការលក់រូបិយប័ណ្ណគ្រីបតូ និងកាក់ Token រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យអ្នកទិញ អាចចូលរួមសម្រេចចិត្ត នៅក្នុងការបោះឆ្នោតសម្រាប់គម្រោងមួយចំនួនផងដែរ។

ទន្ទឹមនឹងនេះ អាជីវកម្មរូបិយប័ណ្ណគ្រីបតូមួយផ្សេងទៀតដែលគ្រប់គ្រងដោយលោក ត្រាំ ផងដែរនោះ គឺ CIC Digital LLC ក៏បានរៃអង្គាសទឹកប្រាក់បានចំនួនជាង ៦៣៥លានដុល្លារពីការចេញផ្សាយកាក់ meme $TRUMP ផងដែរ។

គួរជម្រាបជូនផងដែរថា លោក ត្រាំ បានទាញប្រាក់ចំណេញជាច្រើន ពីការកើនឡើងនៃវិស័យគ្រីបតូ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក នៅតែបន្តអាចរកចំណូលបានរាប់សិបលានដុល្លារផ្សេងទៀតតាមរយៈការចេញអាជ្ញាប័ណ្ណ និងការទូទាត់ពីគម្រោងសណ្ឋាគារ រមណីយដ្ឋាន និងគម្រោងអាផាតមិនថ្មីៗជាបន្តបន្ទាប់នៅបរទេស៕​