ក្រុមហ៊ុនបន្ទះឈីប Micron និង SK Hynix ត្រូវបានគេរាយការណ៍ថា បានកើនឡើងតម្លៃមូលធនទីផ្សាររបស់ខ្លួនដល់ ១ទ្រីលានដុល្លារ ដោយសារតែតម្រូវការកើនឡើងខ្លាំងសម្រាប់បន្ទះឈីបអង្គចងចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី២៦ ខែឧសភា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Micron បានកើនឡើង ១៩,៣% ដែលជំរុញឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេ កើនឡើងដល់ ១,០១ទ្រីលានដុល្លារ។ នេះជាលើកដំបូងផងដែរសម្រាប់ក្រុមហ៊ុននេះ ដែលតម្លៃទីផ្សាររបស់ខ្លួនបានកើនឡើងលើសពី ១ទ្រីលានដុល្លារបែបនេះ។
ដោយឡែកភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សកូរ៉េខាងត្បូង SK Hynix វិញ ក៏បានកើនឡើងដល់ជាង ១១% ផងដែរ នៅពេលបើកការជួញដូរជាថ្មី នៅថ្ងៃទី២៧ ឧសភា ដោយជំរុញឲ្យតម្លៃមូលធនទីផ្សារពួកគេ កើនឡើងលើស ១ទ្រីលានដុល្លារ។ នេះជាក្រុមហ៊ុនរបស់កូរ៉េទីពីរហើយដែលបានចូលរួមជាមួយបញ្ជីឈ្មោះក្រុមហ៊ុនតម្លៃ ១ទ្រីលានដុល្លារនេះ បន្ទាប់ពីក្រុមហ៊ុន Samsung Electronic ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗ កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីដំណាក់កាលបន្ទាប់នៃការប្រណាំងប្រជែង AI សកល។ វិនិយោគិនកំពុងចាក់លុយរាប់ពាន់លានដុល្លារ ចូលទៅក្នុងភាគហ៊ុនដែលទាក់ទងនឹង CPU និងបន្ទះឈីបអង្គចងចាំ រួមទាំងសមាសធាតុដែលត្រូវការដើម្បីផ្តល់ថាមពល និងដំណើរការភារកិច្ច AI។ បច្ចុប្បន្ន ក្រុមហ៊ុនខ្នាតយក្សអាមេរិក Nvidia គ្រប់គ្រងទីផ្សារបន្ទះឈីប AI សកល៕

