ជុំវិញព័ត៌មានអំពីស្ថានភាពជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឲ្យតម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent កើនឡើងយ៉ាងខ្លាំង នៅក្នុងការជួញដូរជាច្រើនវគ្គជាប់ៗគ្នា ដែលបច្ចុប្បន្នកើនលើសពី ១០៦ដុល្លារក្នុងមួយបារ៉ែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើកការជួញដូរនៅថ្ងៃទី២៤ ខែមេសា តម្លៃប្រេងឆៅប្រភេទ Brent និង WTI បានកើនឡើង ១% ដល់ ១០៦ដុល្លារ និង ៩៦,៧ដុល្លារ រៀងៗគ្នា។ យ៉ាងណាមិញចំពោះតម្លៃប្រេងឆៅ Brent បច្ចុប្បន្នកំពុងស្ថិតនៅកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៨ ខែមេសាមក។
ជម្រាបជូនថា ទីផ្សារប្រេងឆៅបានកើនឡើង បន្ទាប់ពីព័ត៌មានអំពីការប្រយុទ្ធគ្នានៅតែបន្ត នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា លោក Mohammad Baqer Qalibaf បានប្រកាសលាលែងពីតំណែងជាប្រធានអ្នកចរចាសន្តិភាពរបស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ដែលនេះត្រូវបានគេមើលឃើញថាជាស្ថានភាពដ៏តានតឹងមួយដែលការបញ្ចប់សង្គ្រាម នៅតែមិនអាចសម្រេចទៅបានក្នុងពេលឆាប់ៗនេះនោះឡើយ៕

