លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ នៃសមាគម​ឧកញ៉ាកម្ពុជា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសដ៏មហាមង្គលា​ភិរម្យវិសេស​វិសាល​ថ្លៃថ្លាបំផុត នៃព្រះរាជពិធីខួបលើកទី២២ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ​របស់ព្រះករុណាជាអម្ចាស់​ជីវិត​លើត្បូង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខបវរ មហាប្រសើរបំផុតគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងបំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តមជានិមិត្តរូបនៃឯកភាពជាតិ ព្រមទាំងជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ​ទូទាំងប្រទេស។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកតញ្ញូតាធម៌ដ៏ជ្រាល ជ្រៅ​បំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈព្រះរាជសកម្មភាព​មនុស្សធម៌ សង្គមកិច្ច ការទូត អប់រំ វប្បធម៌ សាសនា និងព្រះរាជកិច្ចនានាជាច្រើនទៀត ក្នុងការជំរុញការអភិវឌ្ឍ​ប្រទេសជាតិឱ្យរឹតតែ ខ្លាំងក្លានៅក្នុងសុខសន្តិភាព ប្រកបដោយកិត្យានុភាព និងភាពសុខក្សេមក្សាន្តចម្រុងចម្រើន​របស់ប្រជានុរាស្ត្រខ្មែរ។

ជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ សូមព្រះមេត្តាតាមថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។