លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នាជាយូរមកហើយ ដូច្នេះបញ្ហាទាក់ទងទៅនឹងសន្តិសុខប្រទេសទាំងពីរត្រូវតែជួយគាំទ្រគ្នាទៅវិញទៅ។ លោកថ្លែងបែបនេះ នៅក្នុងជំនួបរវាងលោកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ លោក លឿង តាមក្វាង បានបង្ហាញច្បាស់ពីចំណងមិត្តភាពរវាង កម្ពុជា ឡាវ និងវៀតណាម ហើយជាពិសេសគឺមិត្តភាពរវាងកម្ពុជា និងវៀតណាម និងបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នាជាយូរមកហើយ ដូច្នេះបញ្ហាទាក់ទងទៅនឹងសន្តិសុខប្រទេសទាំងពីរត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ជាកត្តាដ៏សំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំងពីរ។
បន្ថែមពីនោះ លោកបន្តថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែលប្រើប្រាស់ទឹកដីម្ខាង ហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ជាចំណុចដែលប្រទេសកម្ពុជា និងវៀតណាមក៏ដូចជាឡាវ បានរួមសាមគ្គីគ្នាក្នុងការធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។

ត្រង់ចំណុចនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះការលើកឡើង និងបានសង្កត់ធ្ងន់ថា ចំណុចដែលជៀសវាងឱ្យបាននោះ គឺជៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសណាមួយប្រឆាំងប្រទេសណាមួយទៀតឧទាហរណ៍ដូចជាការប្រើប្រាស់កម្លាំងលើទឹកដីនៅក្នុងប្រទេសវៀតណាម ហើយប្រឆាំងទៅនឹងកម្ពុជា ឬក៏ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងទៅនឹងវៀតណាម ដែលចំណុចនេះយើងត្រូវសហការគ្នាធ្វើយ៉ាងណាកុំឲ្យមានករណីបែបនេះកើតឡើង។
បន្ថែមលើសពីនេះ សម្ដេចតេជោក៏បានជំរុញឱ្យប្រទេសទាំងពីរ ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន តាមបណ្ដាព្រំដែនរវាងកម្ពុជា និងវៀតណាម ត្រូវសហការគ្នាជាប្រចាំ ដើម្បីធានាឱ្យបាននូវសន្តិសុខនៅតាមព្រំដែន ពោលគឺរក្សាឱ្យបាននូវព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមជាមួយគ្នា ដែលជាអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន


