តើ​​​​រាជ​រដ្ឋាភិបាល​គួរ​​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លីដែរ​ឬទេ​?

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញ និងជាប្រធាន​សមាគម​អចលនទ្រព្យ​សកល​រាជធានីភ្នំពេញ លោក ឡោ វិចិត្រ បាន​​បង្ហាញការ​ចំណាប់​អារម្មណ៍​ដោយផ្អែក​លើ​កត្តា​សេដ្ឋកិច្ច​ ប្រទេស​ទាំង​អស់​​នៅ​ជុំ​វិញ​ពិភពលោក​​ តែង​ធ្វើ​ការ​សិក្សា​ និង​​​រៀប​ចំ​​គោល​នយោបាយ​ ដើម្បី​ទាក់ទាញ​ការ​​វិនិយោគ​មក​កាន់​ប្រទេស​ខ្លួន​​ឱ្យ​បាន​ច្រើន​។ កម្ពុជា​ក៏​ដូច​​ជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សកលលោក​​ កំពុង​​​ត្រូវ​ការ​ទុន​វិនិយោគ​ពី​​ក្រៅ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ បង្កើត​ការងារ​ កាត់​បន្ថយ​ចំណាក​ស្រុក​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងដោយផ្អែកលើការស្រាវជ្រាវ លោក ឡោ វិចិត្រ បានគូសបញ្ជាក់ថា៖ «ប្រ​​សិនបើ​រាជរដ្ឋាភិបាល​​មាន​​គោលនយោបាយ​បើក​ចំហ​​​ឱ្យ​ជន​​បរទេស​អាច​កាន់កាប់​ដី​ក្នុង​ប្រទេស​កម្ពុជា​ វា​ជា​សញ្ញា​ល្អ​ ដើម្បី​បង្ក​​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​​នៅ​​ក្រៅ​ប្រទេស​​មក​វិនិយោគ​​ទៅ​លើ​វិស័យ​ដី​ធ្លី​»។

លោកថា វិស័យ​ដី​ធ្លី​ គឺជា​វិស័យ​មួយ​​បាន​បង្កើត​សេដ្ឋី​ជា​ច្រើន​នៅ​​ក្នុង​ស្រុក​​ ក៏​ប៉ុន្តែ​សម្រាប់​គោល​​នយោបាយ​បើក​ចំហ​​សម្រាប់​វិនិយោគិន​​ក្រៅ​ប្រទេស​​ អាច​កាន់​កាប់​ដី​ធ្លី​នៅ​​កម្ពុជា​គួរ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​ ជាមួយ​នឹង​អ្នក​ជំនាញ​ក្រសួង​ជំនាញ​ អន្តរ​ក្រសួង​ ដើម្បី​ធ្វើ​ការ​សិក្សា​​ផល​ប៉ះពាល់ ឬ​ការ​កំណត់​​ថា តើ​ជន​បរទេស​​គួរ​មាន​លក្ខខ័ណ្ឌ​​បំពេញ​អ្វី​ខ្លះ​? ដូច​ជា​ទុន​​​អតិបរមា​ដើម្បី​ធានា​​ថា​ គោលនយោបាយ​នេះ​ មាន​ប្រសិទ្ធភាព និរន្តរភាព​ និង​ប៉ះពាល់​តិច​តួច​​​​។

តែយ៉ាងណាសម្រាប់​​លោក ​វិចិត្រ​ មុន​នឹង​អនុញ្ញាត​​ឱ្យ​​ជន​បរទេស​កាន់​កាប់​ដីធ្លី​ ​ រដ្ឋាភិបាល​ត្រូវ​សិក្សា​លើ​កត្តា​​សំខាន់​មួយ​ចំនួន​ដូច​ជា​ថា​ តើ​​កម្ពុជា​ចង់​បាន​​ទុន​វិនិយោគ​​កម្រិត​ណា​មក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​​​? ​​​អ្នក​ជំនាញ​​ត្រូវ​ធ្វើ​ការ​សិក្សា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​​លម្អិត​ពី​ផល​ប៉ះពាល់​​ក៏​ដូច​ជា​សិក្សា​ពី​លទ្ធផល​​ ក្រោយ​ពី​អនុញ្ញាត​ឱ្យ​​ជន​បរទេស​​កាន់​កាប់​ដីធ្លី​បាន​។ ផ្នែក​ពាក់ព័ន្ធ​​អាច​សិក្សា​​អំពី​ទំហំ​ដី​ ឬ​តំបន់​ណា​ ដែល​អនុញ្ញាត​ឱ្យ​ជន​បរទេស​​អាច​មក​ទិញ​​ដី​​នៅ​កម្ពុជា​ ហើយ​ចាំ​បាច់​ត្រូវ​​មាន​លក្ខខ័ណ្ឌ​​​អ្វី​ខ្លះ​ ដែល​​កំណត់​ដោយ​ច្បាប់​ដើម្បី​ធានា​ថា​ ​គោលនយោបាយ​ថ្មី​នេះ​មិន​មាន​​​ផល​ប៉ះពាល់​​មក​ដល់​ពលរដ្ឋ​​។ ​

បើតាមប្រធាន​សមាគម​អចលនទ្រព្យ​សកល​រាជធានីភ្នំពេញ ការ​បើក​ចំហ​​​គោលនយោបាយ​នេះ​​អាច​មាន​ពីរ​សេនា​រីយ៉ូ​ ទី​១ អាច​បើក​​​ឱ្យ​ទិញ​លំនៅឋាន​​​ជាប់​ដី​ ទី​២ អាច​ទិញ​លំនៅឋាន​​ជាប់​ដី​ហើយ ​ទិញ​ដី​ទៀត ដែល​ទាំង​ពីរ​ខាង​លើ​នេះ​ជា​លក្ខខ័ណ្ឌ​​​មួយ​ដាច់​ដោយ​ឡែក​​ ដែល​​អ្នក​ជំនាញ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​គួរ​សិក្សា​​ថា​ តើ​​​គួរ​បើក​ចំហ​ទាំង​ស្រុង​ ឬ​ជា​ជំហាន​ៗ​។​ បើ​ទិញ​ដី​​ ថា​តើ​គាត់​អាច​ទិញ​​ក្នុង​ទំហំ​កម្រិត​ទឹក​ប្រាក់​ប៉ុណ្ណា​? ប៉ុន្មាន​​ម៉ែត្រ​ការ៉េ​? តើ​ទិញ​ភ្លាម​អភិវឌ្ឍន៍​ភ្លាម​​ ឬ​ទុក​​​រយៈ​ពេល​​​ប៉ុន្មាន​​មុន​ពេល​​អភិវឌ្ឍន៍​?​។

សូមជម្រាបជូនថា បើគ្មានអ្វីប្រែប្រួលទេ ចាប់​ពី​​ខែ​កញ្ញា ឆ្នាំ​២០២២​ ត​ទៅ​​ប្រទេស​ថៃ​នឹង​អនុញ្ញាត​ឱ្យ​ជន​​បរទេស​​អាច​កាន់​កាប់​ដី​ធ្លី​​​ពេញ​លេញ​​បាន​។ ការអនុញ្ញាតិនេះត្រូវបានរដ្ឋាភិបាល រំពឹង​ថា​ នឹង​បង្កើត​ការ​លើក​ទឹក​ចិត្ត ដើម្បី​ជំរុញ​ការវិនិយោគនៅក្នុងប្រទេសថៃ។

ជុំវិញការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់នេះ រដ្ឋាភិបាលថៃក៏បានកំណត់​លក្ខណៈ​វិនិច្ឆ័យសម្រាប់តែការរស់នៅប៉ុណ្ណោះ​ និង​មិន​ឱ្យ​លើស​ពី​ ២០០០ម៉ែត្រការ៉េ កំណត់៥ឆ្នាំ មាន​លុយ ​១លានលានបាត និង​វិនិយោគ​បន្ថែម​ ៨០០ពាន់​លាន​បាត បង់​ពន្ធ​បន្ថែម​ចំនួន​ ២,៧សែន​លានបាត ដើម្បី​ទាក់​ទាញ​ជនបរទេស​ដែល​មាន​សក្តានុពល​ខ្ពស់​ចំនួន​រួម​មាន​ ៤ក្រុមគឺ៖ ទី១ ក្រុមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន(សេដ្ឋី) ទី២ ក្រុមបុគ្គលចូលនិវត្តន៍ពីបរទេស ទី៣ ក្រុមបុគ្គលដែលចង់ធ្វើការពីប្រទេសថៃ និងទី៤ ក្រុមបុគ្គលអ្នកជំនាញ ឬឯកទេសពិសេស៕