ពីរដ្ឋធានីក្រុងប៉េងកាំង កម្ពុជាចុះហត្ថលេខាលើគម្រោងផ្លូវទឹកថ្មី គ្រោងចំណាយ ១,៧ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

អំឡុងបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ជាមួយក្រុមហ៊ុនវិស័យឯកជនចិន កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមឯកសារទាំង៣នោះ ក៏មានកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង «ព្រែកជីកហ្វូណនតេជោ» កម្ពុជាតំណាងដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោក ស៊ុន ចាន់ថុល បានឲ្យដឹងថា តាមរយៈការចុះហត្ថលេខានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតលើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។

ក្រសួងសាធារណ ការនិងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។

សូមជម្រាបជូនថា គម្រោងផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕