សម្តេចធិបតី ជឿថា សន្និបាត ESCAP នឹងរួមចំណែកដោះស្រាយបញ្ហាគម្លាតឌីជីថល រវាងប្រទេស និងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជឿជាក់ថា តាមរយៈវេទិកានៃសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)នឹងអាចរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេសកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសុន្ទរកថារបស់សម្តេច ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក កាលព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ។

នាឱកាសនោះ សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះ នឹងអាចរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព។

លើសពីនេះ សន្និបាតនេះ ក៏នឹងរួមគ្នាជួយដោះស្រាយនៅបញ្ហាអក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល កង្វះការធ្វើពាណិជ្ជកម្ម និងសេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។

នាឱកាសនោះដែរ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈ ចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវ ផលប្រយោជន៍ ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់៕