សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយអ្នកឧកញ៉ា ឧកញ៉ា អ្នករស៊ីក្នុងវិស័យអប់រំ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសកម្ពុជា ដោយមានអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអ្នកវិនិយោគក្នុងវិស័យអប់រំជាច្រើនរូប ដែលដឹកនាំដោយឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាម្ចាស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមអនឡាញនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ១៩ ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការចូលរួមទាំងអស់គ្នាសម្រាប់ភាពរីកលូតលាស់កម្ពុជា តទៅមុខទៀត។

ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យអប់រំនេះដែល អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា ការវិវត្តន៍វិស័យអប់រំនៅកម្ពុជាមិនទាន់ចំទ្រនិចដែលថាវិស័យអប់រំគួរតែដើរទៅមុខនោះទេ ក្នុងន័យនេះអ្នកឧកញ៉ាក៏បានសម្តែងក្តីបារម្ភផងដែរក្នុងការវិវត្តន៍បែបនេះរបស់រដ្ឋាភិបាល។

អ្នកឧកញ៉ាថ្លែងថា «ទី១) គ្រូមិនទាន់បានប្រាក់ខែពេញលេញដើម្បីឲ្យគ្រូផ្តោតមកលើសិស្ស ពិសេសនោះសាលារដ្ឋតែម្តង តែសម្រាប់អ្នកឧកញ៉ាចង់បានឲ្យគ្រូទាំងសាលារដ្ឋ និងឯកជនទទួលបាន ១០០% ព្រោះនៅពេលដែលគ្រូបង្រៀនរដ្ឋផងឯកជន ដូច្នេះវាបាត់ឋាមពល នេះក៏ដោយសារតែកត្តាជីវភាពរបស់គ្រូដែលបង្ខំគាត់ឲ្យបង្រៀនច្រើនកន្លែង ហេតុនេះមិនបានផ្តោតអារម្មណ៍១០០%មកលើសិស្សនោះទេ។ ទី២) ខ្វះសម្ភារសិក្សា ដើម្បីតម្រូវការទៅតាមថ្នាក់នីមួួយៗ»។

បើតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត កម្ពុជាបច្ចុប្បន្នក៏កំពុងខ្វះបញ្ញវ័នពិតច្រើនផងដែរ។ ការណ៍នេះអ្នកឧកញ៉ាចង់សំដៅទៅដល់បញ្ញវ័នដែលហ៊ានចេញមកសរសេរពិត បង្ហាញពិត ព្រោះការដែលគ្មានបញ្ញវ័នពិតបែបនេះបានធ្វើឲ្យផ្នត់គំនិតកូនខ្មែរថមថយចុះបន្តិចម្តងៗ ដោយសារតែខ្វះការលើកទឹកចិត្ត។

«យើងអាចអង្គុយយកលេសថាប្រទេសយើងកំពុងអភិវឌ្ឍន៍…បើគិតតែពីអភិវឌ្ឍន៍ តែយើងអត់អភិវឌ្ឍន៍ទៅមុខអាហ្នឹងវាអត់ទៅមុខនោះទេ យើងត្រូវការយុទ្ធនាការទះស្គរឲ្យអស់ពីកម្លាំងកាយចិត្ត…»។ អ្នកឧកញ៉ា គួច ម៉េងលី បន្ថែម។

ជាមួយគ្នានេះ កន្លងមកក្រសួងអប់រំយុវជន និងកីឡា បានបន្តអនុវត្តកំណែទម្រង់សំខាន់មួយចំនួន តាំងពីឆ្នាំ២០១៣មក រួមមាន ទី១ កំណែទម្រង់ការប្រឡងសម្រាប់សិស្សថ្នាក់ទី១២ ទី២ ការពិនិត្យឡើងវិញទៅលើកម្មវិធីសិក្សារបស់សិស្សគ្រប់កម្រិត ទី៣ ការធ្វើអធិការកិច្ចតាមសាលារៀន ដោយផ្តោតលើគុណភាពអប់រំ សំណង់អគារ កិច្ចការសាលា។ល។ ទី៤ ការធ្វើរង្វាយតម្លៃការសិក្សារបស់សិស្ស ទី៥ កំណែទម្រង់ថ្នាក់ឧត្តមសិក្សា ទី៦ ការពង្រឹងជំនាញរបស់យុវជន ជាដើម។

ដោយសារតែរាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២២កន្លងទៅ បានផ្តល់អនុសាសន៍សម្រាប់វិស័យអប់រំ យុវជន និងកីឡា ដើម្បីបន្តអនុវត្ត ទី១) បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់, ទី២) កសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈ ធានាភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ទី៣) បន្តអភិវឌ្ឍ ការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍ បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា ទី៤) បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមាន ក្នុងសង្គម តាមរយៈការបំផុសចលនា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ទី៥) បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា៕