ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយនាយកប្រតិបតិ្តទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី (Export Finance Australia – EFA) លោក John Hopkins។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអ្នកតំណាង EFA បានពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធការងារទៅវិញទៅមក ដោយក្នុងនោះតំណាង EFA បានជម្រាបជូនអំពីតួនាទី និងសេវាកម្មសំខាន់ៗរបស់ខ្លួនដែលរួមមានដូចជា៖ ការផ្តល់សេវាហិរញ្ញប្បទាន, ការបំពេញចន្លោះប្រហោងទីផ្សារ ក្នុងករណីដែលធនាគារពាណិជ្ជ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអាចផ្តល់ហិរញ្ញប្បទានបានគ្រប់គ្រាន់, ការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព, និងការផ្តល់ការគាំទ្រដល់វិស័យផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាសក្តានុពលនានាស័ក្តិសមសម្រាប់ការជ្រើសរើសជាគោលដៅវិនិយោគក្នុងបរិការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើទស្សនវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានដាក់ចេញនូវគោលនយោបាយ និងរៀបចំយុទ្ធសាស្ត្រជាអាទិភាពជាបន្តបន្ទាប់ ដើម្បីបន្តលើកកម្ពស់បរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ទីភ្នាក់ងារឥណទានសម្រាប់ការនាំចេញរបស់រដ្ឋាភិបាលអូស្ត្រាលី EFA គឺជាស្ថាប័នដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រពាណិជ្ជកម្មនាំចេញរបស់អូស្ត្រាលី និងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្នុងប្រទេសជាដៃគូ។ EFA មានគោលដៅជំរុញកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសអូស្ត្រាលី និងប្រទេសជាដៃគូរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងដំណោះស្រាយជំនាញបច្ចេកទេសផ្សេងៗ ដើម្បីលើកកម្ពស់ការវិនិយោគពីអូស្ត្រាលីនៅក្នុងប្រទេសជាដៃគូនោះឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ៕












