គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥នេះ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន CIMIC Group ដឹកនាំដោយលោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះមានការចូលរួមពីគណៈប្រតិភូអមដំណើរមានជាអាទិ៍ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរ៉ែ និងថាមពល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាសភាពពីសមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ផងដែរ។

ក្នុងឱកាសនៃជំនួបនេះ លោក Robert Seidler បានថ្លែងអំណរគុណជូនដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានជួបសម្តែងការគួរសម និងធ្វើបច្ចុប្បន្នភាពពីសកម្មភាពអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការពង្រីកការវិនិយោគបន្ថែម ឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ 

ក្រុមហ៊ុនក៏បានសម្តែងនូវការពេញចិត្តចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាពិសេសជាងនេះ កម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនេះបានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ។ 

មុននឹងបញ្ចប់ លោក Robert Seidler បានសម្តែងនូវអំណរគុណ និងភាពកក់ក្តៅដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។ ជាមួយនឹងបច្ចុប្បន្នភាព និងអនុសាសន៍ណែនាំដែលទទួលបាន ក្រុមហ៊ុនបានបង្ហាញពីចេតនាក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត៕