មេធំក្រុមហ៊ុន Oracle របូតលុយអស់ ១០០ពាន់លានដុល្លារ ធ្លាក់មកចំណាត់ថ្នាក់ទី៧ អ្នកមានបំផុតលើលោក

អន្តរជាតិ

សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានខាតបង់ទ្រព្យសម្បត្តិសរុបអស់ជាង ១០០ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាងមួយខែ ដោយធ្លាក់ពីតំណែងអ្នកមានដាច់គេទី២ មកកាន់ចំណាត់ថ្នាក់ទី៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison ឥឡូវនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៩២,៤ពាន់លានដុល្លារ ដែលធ្វើរូបលោកឈរពីក្រោយមេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១៩៤,១ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង ០,៣% នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីបានធ្លាក់ចុះជិត ៤១% ចាប់តាំងពីមានការកើនឡើងដល់កម្រិតខ្ពស់បំផុត នៅដើមខែមិថុនាមក។

រំឮកជូនថា ទ្រព្យសម្បត្តិរបស់លោក Ellison ធ្លាប់បានកើនឡើងលើស ៣០០ពាន់លានដុល្លារ នៅថ្ងៃទី១ ខែមិថុនា ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោកមួយរយៈពេលខ្លី។ ប៉ុន្តែនៅមួយសប្តាហ៍ក្រោយ លោកបានធ្លាក់ចុះមកតំណែងលេខ៥វិញ និងបន្តធ្លាក់មកកាន់តំណែងលេខ៧ គិតនៅត្រឹមចុងខែមិថុនានេះ៕​

ជម្រាបថា លោក Ellison បានបង្កើតក្រុមហ៊ុន Oracle ដែលពេលនោះត្រូវបានគេស្គាល់ថាជាមន្ទីរពិសោធអភិវឌ្ឍកម្មវិធី ក្នុងឆ្នាំ១៩៧៧ ជាមួយលោក Bob Miner និងលោក Ed Oates។ លោកបានលាលែងពីតំណែងជានាយកប្រតិបត្តិក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានដឹកនាំក្រុមហ៊ុនអស់រយៈពេល ៣៧ឆ្នាំ ហើយឥឡូវនេះលោកបានបន្តបម្រើការងារជាប្រធាន និងជាប្រធានផ្នែកបច្ចេកវិទ្យា៕​