សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានខាតបង់ទ្រព្យសម្បត្តិសរុបអស់ជាង ១០០ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាងមួយខែ ដោយធ្លាក់ពីតំណែងអ្នកមានដាច់គេទី២ មកកាន់ចំណាត់ថ្នាក់ទី៧។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison ឥឡូវនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៩២,៤ពាន់លានដុល្លារ ដែលធ្វើរូបលោកឈរពីក្រោយមេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១៩៤,១ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង ០,៣% នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីបានធ្លាក់ចុះជិត ៤១% ចាប់តាំងពីមានការកើនឡើងដល់កម្រិតខ្ពស់បំផុត នៅដើមខែមិថុនាមក។
រំឮកជូនថា ទ្រព្យសម្បត្តិរបស់លោក Ellison ធ្លាប់បានកើនឡើងលើស ៣០០ពាន់លានដុល្លារ នៅថ្ងៃទី១ ខែមិថុនា ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោកមួយរយៈពេលខ្លី។ ប៉ុន្តែនៅមួយសប្តាហ៍ក្រោយ លោកបានធ្លាក់ចុះមកតំណែងលេខ៥វិញ និងបន្តធ្លាក់មកកាន់តំណែងលេខ៧ គិតនៅត្រឹមចុងខែមិថុនានេះ៕
ជម្រាបថា លោក Ellison បានបង្កើតក្រុមហ៊ុន Oracle ដែលពេលនោះត្រូវបានគេស្គាល់ថាជាមន្ទីរពិសោធអភិវឌ្ឍកម្មវិធី ក្នុងឆ្នាំ១៩៧៧ ជាមួយលោក Bob Miner និងលោក Ed Oates។ លោកបានលាលែងពីតំណែងជានាយកប្រតិបត្តិក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានដឹកនាំក្រុមហ៊ុនអស់រយៈពេល ៣៧ឆ្នាំ ហើយឥឡូវនេះលោកបានបន្តបម្រើការងារជាប្រធាន និងជាប្រធានផ្នែកបច្ចេកវិទ្យា៕

