ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ បិតាវិនិយោគ Warren Buffett បានសម្រេចផ្អាកបរិច្ចាគលុយដល់មូលនិធិសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates ដោយសារតែជាប់ទាក់ទាងនឹងរឿងអាស្រូវរបស់ Epstein។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីថ្ងៃទី៣០ ខែមិថុនា កាសែត Wall Street Journal ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ បានរាយការណ៍ថា វិនិយោគិនដ៏ល្បីល្បាញ Warren Buffett បានផ្អាកការបរិច្ចាគប្រចាំឆ្នាំរបស់លោកទៅកាន់មូលនិធិ Gates Foundation ដែលជាអង្គការសប្បុរសធម៌បង្កើតឡើងដោយលោក Bill Gates និងអតីតភរិយារបស់លោក គឺលោកស្រី Melinda ។
យ៉ាងណាមិញ ជុំវិញការផ្អាកនេះ គឺលោក Buffett ចង់រង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញលើទំនាក់ទំនងរវាងមូលនិធិនេះ និងមហាសេដ្ឋី Jeffrey Epstein ដែលជាជនជាប់ចោទលើបទរំលោភបំពានកុមារ។
លោក Bill Gates បានជួបជាមួយលោក Epstein ក្នុងឆ្នាំ២០១១ ពោលគឺបីឆ្នាំបន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទលួងលោមអនីតិជន។ អ៊ីមែល និងរូបភាពដែលបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេត្រូវបានរួមបញ្ចូលនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ និងសភាសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។ លោក Epstein ត្រូវបានចាប់ខ្លួន និងធ្វើអត្តឃាតនៅក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារ។
គួរជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០៦ មក លោក Buffett បានបរិច្ចាគទឹកប្រាក់សរុបចំនួន ៤៣ពាន់លានដុល្លារដល់មូលនិធិ Gates Foundation។ ការចូលរួមវិភាគទានទាំងនេះត្រូវបានធ្វើឡើងជាប្រចាំជារៀងរាល់ឆ្នាំ។ ហើយចំពោះការបរិច្ចាគនៅឆ្នាំនេះវិញ ត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនាកន្លងទៅ៕

