អតិផរណាឡាវ បន្តធ្លាក់ចុះមកនៅត្រឹម ២៥,៨៨% គិតត្រឹមខែសីហា

អន្តរជាតិ

យោងតាមការិយល័យស្ថិតិឡាវ បានបង្ហាញឱ្យដឹងថាកម្រិតអតិផរណា នៅក្នុងប្រទេសរបស់ខ្លួន កាន់តែមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម ២៥,៨៨% ប៉ុណ្ណោះ គិតនៅក្នុងខែសីហា ពីកម្រិត ២៧,៨% ក្នុងខែកក្កដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា តម្លៃអាហារ និងភេសជ្ជ:គ្មានជាតិអាល់កុល នៅក្នុងខែសីហា មានការកើនឡើងត្រឹម ៣១,៨៥% ប៉ុណ្ណោះ ពោលគឺទាបជាងការកើនឡើង ៣៧,៨១% ដែលបានកត់ត្រាកាលពីខែកក្កដា ខណ:នេះកំពុងបង្ហាញពីសញ្ញានៃភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ច នៅក្នុងប្រទេស។

ចំពោះការចំណាយទៅលើសេវា​វេជ្ជ​សាស្រ្ត​ និងថ្នាំពេទ្យ បានកើនឡើង ២១,១១% ចំណែកឯវិស័យដឹកជញ្ជូន បានកើនឡើង ១៧,៦៨% ខណ:ការិល័យស្ថិតិឡាវ បានបញ្ជាក់ថា វិស័យដែលមានអត្រាអតិផរណាទាបបំផុត នៅក្នុងខែសីហា គឺទំនិញប្រើប្រាស់ក្នុងផ្ទះ (០,២០%) , ប្រៃសណីយ៍ និងទូរគមនាគមន៍ (០,៥៧%) និងវិស័យអប់រំ (០,៧៥%)។

អត្រាអតិផរណារបស់ឡាវ បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្នុងខែមីនា មកនៅត្រឹម ៤០,៩៧% , ៣៩,៨៩% ក្នុងខែមេសា , ៣៨,៨៦% នៅក្នុងខែឧសភា , ២៨,៦៤% ក្នុងខែមិថុនា និង ២៧,៨% ក្នុងខែកក្កដា បន្ទាប់ពីអតិផរណា របស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ធ្លាប់បានកើនឡើងខ្ពស់បំផុត ដល់ ៤១,២៦% នៅក្នុងខែកុម្ភ: ។

ជម្រាបជូនផងដែរថា ការចុះខ្សោយនៃប្រាក់គីបរបស់ឡាវ ការកើនឡើងបំណុលសាធារណៈ និងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ គឺជាកត្តាចម្បងដែលជំរុញឱ្យមានកំណើនអតិផរណា និងផលវិបាកផ្នែកសេដ្ឋកិច្ចក្នុងប្រទេសឡាវ ដែលបាន​បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាជនរបស់ខ្លួន៕