លោក Manus Boonjumnong ដែលត្រួវបានគេស្គាល់ថាជាកីឡាករប្រដាល់ដ៏ល្បីល្បាញ និងជាម្ចាស់មេដាយមាសអូឡាំពិក ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំសន្លឹកឆ្នោត បន្ទាប់ពីបានរត់គេចខ្លួនអស់រយៈពេលជាច្រើនខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Manus បច្ចុប្បន្នវ័យ ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ដោយនាយកដ្ឋានប្រឆាំងការក្លែងបន្លំរបស់ប៉ូលិសថៃ នៅផ្ទះមួយកន្លែងក្នុងខេត្ត Nonthaburi បន្ទាប់ពីមិនបានបង្ហាញខ្លួននៅតុលាការ ពីបទក្លែងបន្លំសន្លឹកឆ្នោត។
គួររំលឹកផងដែរថា នៅឆ្នាំ២០២១ លោក Manus ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពីសំណាក់មនុស្សជាច្រើន ដោយសន្យាថានឹងផ្តល់សំបុត្រឆ្នោតរដ្ឋាភិបាលដែលមានតម្លៃ ២លានបាត (ប្រហែល ៦៤ ០០០ដុល្លារ) ដល់ពួកគេ។ មិនតែប៉ុណ្ណោះ ជនជាប់ចោទរូបនេះ បានប្រាប់ជនរងគ្រោះទៀតថា សំបុត្រឆ្នោតទាំងនោះជារបស់មន្ត្រីជាន់ខ្ពស់ម្នាក់ ប៉ុន្តែមិនដែលផ្តល់សំបុត្រណាមួយដល់ពួកគេឡើយ។ ជនរងគ្រោះបាននិយាយថា Manus បានគេចវេះ នៅពេលដែលពួកគេព្យាយាមសុំប្រាក់របស់ពួកគេត្រលប់មកវិញ។
យ៉ាងណាមិញ ក្នុងអំឡុងពេលស៊ើបអង្កេត Manus ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ហើយកាលពីដើមឆ្នាំនេះ តុលាការស្រុកដុនមឿងបានកាត់ទោសលោក Manus ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង ៩ខែ ប៉ុន្តែលោកមិនបានចូលបង្ហាញខ្លួននៅតុលាការដើម្បីស្តាប់សាលក្រមនោះទេ ដែលបង្ខំឱ្យចៅក្រមចេញដីកាចាប់ខ្លួនតែម្តង។ បន្ទាប់ពីការចាប់ខ្លួន លោក Manus ត្រូវបាននាំទៅកាន់តុលាការដុនមឿង ហើយបន្ទាប់មកត្រូវបានផ្ទេរទៅពន្ធនាគារពិសេសក្រុងបាងកកដើម្បីអនុវត្តទោស។
ជម្រាបជូនថា លោក Manus គឺជាអ្នកប្រដាល់ថៃដ៏ល្បីល្បាញ ជាអត្តពលិកដំបូងគេ និងតែមួយគត់មកពីប្រទេសនេះដែលបានឈ្នះមេដាយមាសអូឡាំពិកពីរដងក្នុងឆ្នាំ២០០៤ និង ២០០៨ រួមជាមួយនឹងមេដាយមាសកីឡា SEA Games ជាច្រើនទៀត៕

