សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់រួម (UAE) បានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗជាច្រើន រួមមានការបញ្ជាទិញយន្តហោះ ការវិនិយោគលើថាមពល និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា AI ដែលមានតម្លៃសរុបប្រមាណ ២០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានមកដល់ទីក្រុង Abu Dhabi រដ្ឋធានីនៃប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃទី១៥ ខែឧសភា ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួន។ ក្នុងចំណោមកិច្ចព្រមព្រៀងដែលបានប្រកាស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយនេះ គឺទទួលបានពីក្រុមហ៊ុន Etihad Airways ដែលបានប្តេជ្ញាបោះលុយចំនួន ១៤,៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះ Boeing 787 និង Boeing 777X ចំនួន ២៨ គ្រឿង ដែលដំណើរការដោយម៉ាស៊ីនផលិតដោយក្រុមហ៊ុន GE Aerospace ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Emirates Global Aluminum របស់អារ៉ាប់រួម ក៏គ្រោងនឹងបណ្តាក់ទុនចំនួន ៤ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងចម្រាញ់អាលុយមីញ៉ូម នៅរដ្ឋ Oklahoma។ ស្របពេលក្រុមហ៊ុនប្រេង និងឧស្ម័នធំៗរបស់អាមេរិក ដូចជា ExxonMobil, Occidental Petroleum និង EOG Resources នឹងសហការជាមួយក្រុមហ៊ុនសាជីវកម្មប្រេងជាតិ Abu Dhabi (ADNOC) លើគម្រោងពង្រីកការផលិតប្រេង និងឧស្ម័ន ដែលមានតម្លៃសរុប ៦០ពាន់លានដុល្លារ ផងដែរ។
បន្ថែមពីនេះ សហរដ្ឋអាមេរិក និងអារ៉ាប់រួម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអនុញ្ញាតឲ្យ UAE នាំចូលបន្ទះឈីប Nvidia កម្រិតខ្ពស់ចំនួន ៥០០ ០០០ ក្នុងមួយឆ្នាំ ដែលមានប្រសិទ្ធភាពចាប់ពីឆ្នាំនេះទៅ។
ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ គឺមានគោលបំណងជំរុញការសាងសង់មជ្ឈមណ្ឌលទិន្នន័យសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍គំរូ AI ។ ហើយជាថ្នូរមកវិញ អារ៉ាប់រួម ក៏នឹងវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិកវិញ ផងដែរ ក្នុងគោលបំណងដើម្បីពង្រីកទំហំ និងសមត្ថភាព ឲ្យស្មើគ្នាទៅនឹងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅអារ៉ាប់រួមដែរ។
ជម្រាបជូនថា អារ៉ាប់រួមគឺជាកន្លែងឈប់សំចតចុងក្រោយរបស់លោក ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឈូងសមុទ្រទាំងបី បន្ទាប់ពីប្រទេសកាតា និងអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងតំបន់នេះ។ កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលដំណើរនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងជំហររបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យ AI សកល និងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅមជ្ឈិមបូព៌ាបន្ថែមទៀត៕

