យោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងបានណែនាំឱ្យបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ឬប្តូរជារង្វាន់តាមរយៈក្រវិល កំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗដែលភ្ជាប់ឬមិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ឃ្យូអកូដ (QR CODE) និងកម្មវិធីឌីជីថលផ្សេងៗជាដើមត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។


លើសពីនេះ ក្រសួងសេដ្ឋកិច្ច ក៏បានណែនាំមិនអនុញ្ញាតឱ្យមានការចែកចាយឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃផងដែរ ហើយគ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិត ផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀតចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ៕


