រាជរដ្ឋាភិបាល សម្រេចបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការសម្រេចនេះ ធ្វើឡើងដើម្បីបង្វែរការយកចិត្តទុកដាក់ និងថវិកាទៅដោះស្រាយស្ថានការណ៍ចំពោះមុខ និងបន្ទាន់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹក។នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាទូទៅ យោងតាមសារាចរណែនាំលេខ ០៩ សរណន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៣ ព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ តែងតែត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចំនួន ៣ថ្ងៃ (ចាប់ពីថ្ងៃ ១៤កើត ១៥កើត និង ១រោច ខែកត្តិក) នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីថែរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរ។

ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២៦នេះ ដោយសារតែរាជរដ្ឋាភិបាលត្រូវផ្ដោតលើការងារអាទិភាពចំពោះមុខ ក្នុងការធានាសុវត្ថិភាព និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋនៅតាមព្រំដែន ទើបសម្រេចផ្អាកការប្រារព្ធពិធីថ្នាក់ជាតិនៅក្នុងរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ការប្រារព្ធពិធីនេះនៅតាមបណ្ដាខេត្តនានា អាចនឹងត្រូវរៀបចំទៅតាមការជាក់ស្ដែង៕