កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូដ៏យូរអង្វែង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ សំដៅឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគឆ្នាំ២០២៦ (Hamburg Sustainability Conference – HSC 2026) ចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយក្រោមវត្តមាន លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឆ្លៀតក្នុងឱកាសសន្និសីទនោះដែរ ទេសរដ្ឋមន្ត្រី លោក ឈៀង យ៉ាណារ៉ា ជួបពិភាក្សាការងារជាមួយ លោកស្រី Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ)។ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ ដោយបានផ្តោតសំខាន់លើការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងការលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

តាមរយៈ ការចូលរួមរបស់លោកទេសរដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់នៅក្នុងសន្និសីទនេះថា ការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល តាមរយៈការលើកម្ពស់ភាពជាដៃគូប្រកបដោយបរិយាបន្ន, គណនេយ្យភាពទ្វេទិស និងស័ក្តិសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕ អត្ថបទ៖ហ្សាលីន