ពិព័រណ៍កសិផលខ្មែរ ឆ្នាំ២០២៦ នាំយកផលិតផលកសិកម្មខ្មែរពីគ្រប់ទិសទី មកជួបប្រជាពលរដ្ឋនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ពិព័រណ៍កសិផលខ្មែរ  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០​ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយប្រមូលផ្តុំកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកផលិតក្នុងស្រុកមកពីបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីបង្ហាញ និងដាក់តាំងលក់ផលិតផលកសិកម្មខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងអត្តសញ្ញាណខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម​ ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលកសិកម្មក្នុងស្រុក បង្កើនឱកាសទីផ្សារជូនកសិករ និងសហគ្រាសកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

ក្នុងរយៈពេល១០ថ្ងៃនេះ ប្រជាពលរដ្ឋនឹងមានឱកាសជួបផ្ទាល់ជាមួយអ្នកផលិត ស្វែងយល់ពីប្រភពនៃផលិតផល និងគាំទ្រកសិករខ្មែរ តាមរយៈការទិញផលិតផលដែលផលិតដោយដៃខ្មែរ និងដាំដុះដោយកសិករខ្មែរ។ ផលិតផលដែលដាក់តាំងបង្ហាញរួមមាន បន្លែ ផ្លែឈើ គ្រឿងទេស កាហ្វេ ទឹកឃ្មុំ ផលិតផលកែច្នៃ និងផលិតផលកសិកម្មជាច្រើនប្រភេទទៀត មកពីគ្រប់តំបន់នៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ ពិព័រណ៍ក៏មានសកម្មភាពជាច្រើនសម្រាប់សាធារណជន ដូចជារួមមានការចែកជូន ផ្លែល្ហុងសរុបចំនួន ១,០០០ ផ្លែ និង ស្ពៃក្រញាញ់សរុបទម្ងន់ ៥០០ គីឡូក្រាម ដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពកម្សាន្តការភ្លក់ផលិតផល ការចាប់រង្វាន់ និងការចែករំលែកចំណេះដឹងអំពីវិស័យកសិកម្ម និងសុវត្ថិភាពស្បៀងអាហារ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន។

ការរៀបចំពិព័រណ៍កសិផលខ្មែរ ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងភាគីពាក់ព័ន្ធ ក្នុងការបង្កើតទីផ្សារជូនកសិករខ្មែរ លើកកម្ពស់តម្លៃផលិតផលកម្ពុជា និងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយជាកម្លាំងសំខាន់មួយនៃកំណើនសេដ្ឋកិច្ចជាតិ។

ពីចំការខ្មែរ ក្នុងផ្សារទំនើបខ្មែរ ដល់គ្រួសារខ្មែរ។