កម្ពុជាសម្រេចនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅ មានទឹកប្រាក់៨៣៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច


នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តរជាតិប្រមាណ៦៥ម៉ឺន៦ពាន់តោន បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងការនាំចេញគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំ២០២៣កន្លងមកនេះ សមាគមបានបញ្ជាក់ថា នៅក្នុងចំណោមបរិមាណការនាំចេញគ្រាប់ស្វាយចន្ទីសរុប៦៥ម៉ឺន៦ពាន់តោន ក្នុងនោះបាននាំចេញទៅវៀតណាមមានចំនួន៦១ម៉ឺន៨ពាន់តោន។

នៅក្នុងវិស័យស្វាយចន្ទីកម្ពុជា សមាគមបញ្ជាក់ថា ចំពោះការកែច្នៃផលិតគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក សមាគមស្វាយចន្ទីកម្ពុជា បានធ្វើការសិក្សាពីមូលហេតុគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ថ្លៃជាងប្រទេសវៀតណាម ដោយសារកត្តាសំខាន់ដូចជា៖ (១) កម្មករជំនាញ ប្រើកម្មករតិចតែបានពហុប្រយោជន៍,(២) ការនាំចូលវត្ថុធាតុដើមផលិតដោយរួចពន្ធ ពន្ធពិសេសសម្រាប់កសិឧស្សាហកម្ម, (៣)ទំនើបកម្មគ្រឿងយន្តឧស្សាហកម្ម,(៤) ថ្លៃទឹក ភ្លើងឧស្តុភារកម្មមានតម្លៃទាប និង(៥) មិនទាន់មានការអនុគ្រោះពន្ធដារមួយចំនួន។ ដោយសារកត្តាតម្លៃគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាថ្លៃជាងប្រទេសវៀតណាម ដែលជាហេតុធ្វើឱ្យយើងពិបាកលក់លើទីផ្សារ។

សមាគមស្វាយចន្ទីកម្ពុជា និងដៃគូពាក់ព័ន្ធកន្លងមក បានខិត្តខំប្រឹងប្រែងជួយដល់កសិករដាំដុះស្វាយចន្ទី ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ហើយលទ្ធផលដែលទទួលបានពុំទាន់ឆ្លើយតបនឹងអ្វីដែលសមាគមស្វាយចន្ទីកម្ពុជាចង់បាន ។ សមាគមស្វាយចន្ទីកម្ពុជា ពុំមានលទ្ធភាពធ្វើសកម្មភាពជួយដល់កសិករឱ្យទទួលបានវិសាលភាពធំទូលាយនឹងញឹកញាប់ស្របតាមរដូវកាលរបស់ដំណាំស្វាយចន្ទីបានឡើយ ដោយសារហិរញ្ញវត្ថុរបស់សមាគមមានកម្រិតតិចតួច នៅឡើយដែលទទួលបានពីវិភាគទាន ដោយស្ម័គ្រចិត្តរបស់សមាជិកមួយភាគតូច។

សមាគម បានធ្វើកិច្ចសហការជាមួយសហគមន៍កសិកម្ម ដែលមានស្រាប់និងទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទំាងបានចាប់ដៃគូជាមួយសហគមន៍កសិកម្ម ចំនួន៤១សហគមន៍ មកពីខេត្តចំនួន៧ ដែលក្នុងនោះ១៤សហគមន៍ក្នុងខេត្តព្រះវិហារ, ១២សហគមន៍ក្នុងខេត្តកំពង់ធំ, ៥សហគមន៍ក្នុងខេត្តក្រចេះ, ២សហគមន៍ក្នុងខេត្តត្បូងឃ្មុំ,៥សហគមន៍ក្នុងខេត្តស្ទឹងត្រែង និង១សហគមន៍ក្នុងខេត្តកំពង់ឆ្នាំង។

សមាគមស្វាយចន្ទីកម្ពុជា បានសំណូមពរ ស្នើសុំឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បន្តផ្តល់កិច្ចសហការតាមរយៈនាយក,ដ្ឋានជំនាញ, ស្នើឱ្យរាជរដ្ឋាភិបាល ជួយរកអង្គការដៃគូរជាតិ និងអន្តរជាតិ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជាដើម្បីជំរុញវិស័យស្វាយចន្ទីកម្ពុជាឱ្យរីកចម្រើន ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី, ជួយផ្តល់ជាមូលនិធិសម្រាប់ការស្រាវជ្រាវ សិក្ខាសាលា បណ្តុះបណ្តាលជំនាញដំាដុះ កែច្នៃស្របតាមស្តង់ដាជាតិនិងអន្តរជាតិ៕ តាកែវ