សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា អាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចម្រើនជាង ៧ភាគរយ ក្នុងមួយឆ្នាំៗ ដែលនេះកម្ពុជា អាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើងតាមរយៈ​សារលិខិតរបស់​សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ​។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់តាមរយៈ​សារលិខិតនោះថា ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចំរើនជាង ៧ភាគរយ ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។

ដោយសម្តេច បានបន្តថា៖«​ កម្ពុជាដែលពីមុន ធ្លាប់តែខ្វះខាត និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេសដើម្បីអាចរស់រាន់បាន បច្ចុប្បន្ន កម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរឡើង តាម រយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព»។

សម្តេចបានបន្តដែរថា កម្ពុជាប្តេជ្ញាបង្កើនកិច្ចខិតខំទ្វេដងក្នុងការដាក់ចេញ និងអនុវត្តវិធានការ កែទម្រង់នានា ដូចជាការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅសម្រេចឱ្យបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០។

ហេតុនេះ សម្តេចអះអាងថា៖« កម្ពុជាបានត្រៀមខ្លួនស្វាគមន៍ និង សហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងនេះ»។

គួរបញ្ជាក់ដែរថា នៅក្នុងសារលិខិតដដែល សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តតម្កល់ «សន្តិភាព» ហើយសម្តេច ជឿជាក់ថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្ត បញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក៕

អត្ថបទ៖ ពិសី