ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះអង្គការ PSE បានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគត។

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោយបានបញ្ចប់ការបណ្តុះបណ្តាលពីអង្គការ PSE ពួកគេមានសមត្ថភាពអាចបម្រើការងារតាមវិស័យការងារផ្សេងៗក្នុងទីផ្សារពលកម្មកម្ពុជា និងចេញទៅធ្វើការនៅតាមប្រទេសនានាមួយចំនួនទៀតផងដែរ។

សម្តេចធិបតី បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព។ ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ថា អង្គការ PSE បានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគត ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមជម្រាបដែរថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ PSE ជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតឡើងក្នុងគោលបំណង ជួយដល់កុមារក្រីក្របំផុត ដើម្បីឱ្យពួកគេអាចចាកផុតពីភាពក្រីក្រតាមរយៈការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមធ្យម PSE បានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារក្រីក្រ និងងាយរងគ្រោះ ចំនួនជិត ៧០០០នាក់ ដោយឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារ ការអប់រំទាំងចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ៕ អត្ថបទ៖ហ្សាលីន



