តារាចម្រៀង លោក ខាន់ ជែមស៍ ប្រកាសចេញអាល់ប៊ុមថ្មី «ជម្រៅចិត្ត» ផ្ទុកសារអប់រំចាក់ដោតដល់ទៅ ១០ បទ

កម្សាន្ត

ពិតជាមិនធម្មតានោះទេ! ស្ងាត់តែមិនស្ងៀម! តារាចម្រៀង លោក ខាន់ ជែមស៍ បានប្រកាសចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា «ជម្រៅចិត្ត» ជាស្នាដៃពិសេសមួយ ដែលផ្ទុកទៅដោយបទចម្រៀងចំនួន ១០ បទ ដោយមានខ្លឹមសារផ្តោតលើគ្រួសារ ការស្តាប់គ្នា ការអភ័យទោស សេចក្តីស្រឡាញ់ ការលះបង់ ការចែករំលែក និងការរួបរួមគ្នាក្នុងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់អាល់ប៊ុមថ្មីដែលគ្រោងនឹងចេញនេះ លោក ខាន់ ជែមស៍ បានបញ្ជាក់ប្រាប់ គេហទំព័រ ឧកញ៉ាញូស៍ថា «អាល់ប៊ុមចម្រៀងថ្មីនេះ មិនមែនរៀបចំតាក់តែងឡើងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទស្សនៈ និងបំណងប្រាថ្នាចង់ឱ្យតន្ត្រីក្លាយជាថាមពលវិជ្ជមាន ជ្រាបចូលដល់បេះដូងអ្នកស្តាប់ និងជួយជំរុញឱ្យមនុស្សយល់ចិត្តគ្នាកាន់តែច្រើន។»

លោក បន្ថែមថា «បទចម្រៀងទាំង ១០ បទនេះ ត្រូវបានរៀបចំជារឿងរ៉ាវភ្ជាប់គ្នា ដោយចាប់ផ្តើមពីការយល់ពីអារម្មណ៍របស់គ្នា ការសុំទោស ការមិនបោះបង់គ្នា ការផ្តល់តម្លៃដល់គ្រួសារ និងការចែករំលែកភាពល្អទៅកាន់អ្នកដទៃ។ រាល់បទសុទ្ធតែមានគោលបំណងបន្សល់ទុកសារដ៏មានអត្ថន័យ ដើម្បីឱ្យអ្នកស្តាប់អាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។»

លោក ខាន់ ជែមស៍ សង្កត់ធ្ងន់ថា «ខ្ញុំមិនចង់ឱ្យបទចម្រៀងរបស់ខ្ញុំមានតែបទភ្លេងពិរោះប៉ុណ្ណោះទេ។ ខ្ញុំចង់ឱ្យវាក្លាយជាសារមួយ ដែលអាចធ្វើឱ្យមនុស្សស្តាប់ហើយគិត ស្រឡាញ់គ្នា យល់ចិត្តគ្នា និងឱ្យតម្លៃចំពោះគ្រួសារ និងអ្នកនៅជុំវិញខ្លួន។»

អាល់ប៊ុម «ជម្រៅចិត្ត» ត្រូវបានរំពឹងថា នឹងនាំមកនូវបទពិសោធន៍ថ្មីមួយសម្រាប់អ្នកស្រឡាញ់តន្ត្រីខ្មែរ ដោយសារតែវាមានទាំងគុណភាពនៃការផលិត និងខ្លឹមសារដែលមានតម្លៃ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ខាន់ ជែមស៍ ក្នុងការបង្កើតស្នាដៃចម្រៀង បន្ទាប់ពីលោកទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

កុំភ្លេចរងចាំស្ដាប់ទាំងអស់គ្នា! តាមដានការចេញផ្សាយជាបន្តបន្ទាប់នៃបទចម្រៀងទាំង ១០ បទ ហើយចូលរួមគាំទ្រស្នាដៃថ្មីនេះ ដើម្បីឱ្យសារវិជ្ជមានដែលមាននៅក្នុងអាល់ប៊ុម «ជម្រៅចិត្ត» អាចឈានទៅដល់អ្នកស្តាប់កាន់តែច្រើនទូទាំងប្រទេស៕