ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បានប្រកាសប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់។


ការប្ដេជ្ញាចិត្ដនេះធ្វើឡើងនៅក្នុងឱកាសដែលឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jürg Montani កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលយ៉ាងសកម្មប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់នាពេលកន្លងមក ហើយ នេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC។
ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញពីការពេញចិត្តក្នុងការចូលរួមចំណែក សម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ICRC ក្នុងការបន្តគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់៕




