ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។នេះបើតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកប្រធានគណៈប្រតិភូប្រចាំតំបន់ បានបង្ហាញក្តីរីករាយ ដែល ICRC បានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួលកិច្ចការនានា អំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកប្រធានគណៈប្រតិភូប្រចាំតំបន់ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ប្រទេសកម្ពុជានាពេលនេះ រូបលោកបានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង និងកម្មវិធីសុខភាពក្នុងពន្ធនាគារ ផងដែរ។ ជាមួយគ្នានេះ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះ ICRC ដែលបានគាំទ្រដល់ជនភៀសសឹកកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់។ សម្ដេច បានប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូដ៏ល្អជាមួយនឹង ICRC បន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ ICRC ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សាខាងលើ សម្តេចធិបតីក៏បានជម្រាបជូនលោកប្រធានគណៈប្រតិភូប្រចាំតំបន់ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕ អត្ថបទ៖ហ្សាលីន

