លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អញ្ជើញជាអធិបតីក្នុងពិធីទទួលថវិកាឧបត្ថម្ភ ចំនួន ១០០,០០០ ដុល្លារអាមេរិក ពីធនាគារ J Trust Royal Bank ជូនដល់សមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

ធនាគារ J Trust Royal Bank បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០០,០០០ ដុល្លារអាមេរិក ជូនដល់សមាគមសិល្បករខ្មែរ កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យធនាគារ J Trust Royal Bank ស្ថិតក្នុងអគារ Royal Group Central Tower ក្រោមវត្តមានរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និង លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank ថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group of Companies ថ្នាក់ដឹកនាំធនាគារ ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank បានមានប្រសាសន៍ថា ក្នុងនាមជាជនជាតិជប៉ុន​​ដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅ​ចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ លោកលើកឡើងថា ភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជា​ការរួមបញ្ចូលនូវ​សមត្ថភាពក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ថា ធនាគារ J Trust Royal Bank មានមោទនភាពដែលបានរួមចំណែកគាំទ្រការអភិរក្ស និងផ្សព្វផ្សាយមរតកសិល្បៈវប្បធម៌ខ្មែរ និងអំពាវនាវឱ្យគ្រប់ភាគីបន្តសហការគ្នា ដើម្បីធានាថាសិល្បៈខ្មែរ​នឹងបន្តរីកចម្រើន និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។

ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះធនាគារ J Trust Royal Bank និង Royal Group of Companies ដែលបានបន្តគាំទ្រ​សកម្មភាព​របស់សមាគមជាបន្តបន្ទាប់។ លោកជំទាវបានលើកឡើងថា ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំង​ពីទំនួលខុស​ត្រូវសង្គម និងចក្ខុវិស័យវែងឆ្ងាយរបស់វិស័យឯកជន ក្នុងការចូលរួមអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌ជាតិ។

លោកជំទាវបានបញ្ជាក់ថា ថវិកាឧបត្ថម្ភដែលសមាគមទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់គាំទ្រសកម្មភាពអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ ជួយដល់សិល្បករ និងសិល្បការិនីដែលជួបការលំបាក បណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយតម្លៃសិល្បៈវប្បធម៌ខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នា​នោះ លោកជំទាវអ្នកឧកញ៉ា ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន និងសិល្បករ សិល្បការិនីទាំងអស់ បន្តចូលរួមគាំទ្រសកម្មភាពរបស់សមាគមសិល្បករខ្មែរ ដើម្បីរួមគ្នាថែរក្សា អភិរក្ស និងលើក​ស្ទួយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

ពិធីប្រគល់-ទទួលថវិកានេះ បានបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងសមាគមសិល្បករខ្មែរ និងធនាគារ J Trust Royal Bank ក្នុងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការអភិរក្សវប្បធម៌ លើកកម្ពស់សុខុមាលភាពសិល្បករ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕