ធនាគារ J Trust Royal Bank បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០០,០០០ ដុល្លារអាមេរិក ជូនដល់សមាគមសិល្បករខ្មែរ កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

ពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យធនាគារ J Trust Royal Bank ស្ថិតក្នុងអគារ Royal Group Central Tower ក្រោមវត្តមានរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និង លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank ថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group of Companies ថ្នាក់ដឹកនាំធនាគារ ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank បានមានប្រសាសន៍ថា ក្នុងនាមជាជនជាតិជប៉ុនដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ លោកលើកឡើងថា ភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលនូវសមត្ថភាពក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។
លោកបានបញ្ជាក់ថា ធនាគារ J Trust Royal Bank មានមោទនភាពដែលបានរួមចំណែកគាំទ្រការអភិរក្ស និងផ្សព្វផ្សាយមរតកសិល្បៈវប្បធម៌ខ្មែរ និងអំពាវនាវឱ្យគ្រប់ភាគីបន្តសហការគ្នា ដើម្បីធានាថាសិល្បៈខ្មែរនឹងបន្តរីកចម្រើន និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។
ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ J Trust Royal Bank និង Royal Group of Companies ដែលបានបន្តគាំទ្រសកម្មភាពរបស់សមាគមជាបន្តបន្ទាប់។ លោកជំទាវបានលើកឡើងថា ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គម និងចក្ខុវិស័យវែងឆ្ងាយរបស់វិស័យឯកជន ក្នុងការចូលរួមអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌ជាតិ។
លោកជំទាវបានបញ្ជាក់ថា ថវិកាឧបត្ថម្ភដែលសមាគមទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់គាំទ្រសកម្មភាពអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ ជួយដល់សិល្បករ និងសិល្បការិនីដែលជួបការលំបាក បណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយតម្លៃសិល្បៈវប្បធម៌ខ្មែរ ទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន និងសិល្បករ សិល្បការិនីទាំងអស់ បន្តចូលរួមគាំទ្រសកម្មភាពរបស់សមាគមសិល្បករខ្មែរ ដើម្បីរួមគ្នាថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ពិធីប្រគល់-ទទួលថវិកានេះ បានបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងសមាគមសិល្បករខ្មែរ និងធនាគារ J Trust Royal Bank ក្នុងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការអភិរក្សវប្បធម៌ លើកកម្ពស់សុខុមាលភាពសិល្បករ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕







