(ភ្នំពេញ)៖ ពិតជាគំរូគូស្នេហ៍ក្រុមគ្រួសារអភិជនដ៏ប្រពៃមួយមែន! មុនថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរជាផ្លូវការ ដែលគ្រោងនឹងរៀបចំឡើងយ៉ាងអធឹកអធ័មនៅកម្ពុជានាចុងឆ្នាំ២០២៦ខាងមុននេះ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអនាគតភរិយា កញ្ញា ស៊ុន សីមូនី បានសាងអនុស្សាវរីយ៍ បង្កើតបានជាចំណងដៃដ៏មានន័យតាមរយៈការនាំយកថវិកាសរុបចំនួន ១៦០,៨៨៨ ដុល្លារអាមេរិក ដែលជាការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិ ជូនដល់អង្គការមូលនិធិកុមារកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ការបរិច្ចាកថវិកាជាង ១សែនដុល្លារ ដែលទទួលបានពីក្រុមគ្រួសារ សាច់ញាតិទាំងសងខាង ព្រមទាំងមិត្តិភក្តិរបស់លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ និងអនាគតភរិយា កញ្ញា ស៊ុន សីមូនី នាពេលថ្មីៗនេះ គឺជាការសម្រេចចិត្តមួយ ដែលឆ្លុះបញ្ចាំងពីទឹកចិត្តដ៏សប្បុរសចេញពីក្ដីស្រឡាញ់ និងការឈឺឆ្អាលពីអនាគតកុមារកម្ពុជា។

លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអនាគតភរិយា រំពឹងយ៉ាងមុតមាំថា ថវិកាដែលបានបរិច្ចាកលើកនេះ នឹងក្លាយជាថវិកាសប្បុរសធម៌ បង្ហាញពីក្ដីស្រឡាញ់ដ៏បរិសុទ្ធ ដែលអាចចូលរួមកែប្រែអនាគតសិស្សានុសិស្ស ដែលជាកុមារកំព្រា ខ្វះក្ដីស្រឡាញ់ពីអាណាព្យាបាល និងកំពុងប្រឹងប្រែងតស៊ូដើម្បីអនាគត ក្រោមការមើលថែ ចិញ្ចឹមបីបាច់ដោយផ្ទាល់ បង្ហាត់បង្រៀនយ៉ាងដិតដល់ពីលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា។
សូមជម្រាបថា លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអនាគតភរិយា កញ្ញា ស៊ុន សីមូនី គ្រោងនឹងចូលរោងការតាមប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង នាខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។





