ឧកញ៉ា ងួន ម៉េងតិច តំណាងអ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និង ទីប្រឹក្សាផ្នែកកសិកម្មនៃស្ថានទូតម៉ាឡេសុី

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ​លោក​ Shaiful Naszri Abdul Wahid ទីប្រឹក្សាផ្នែកកសិកម្មនៃស្ថានទូតម៉ាឡេសុី​ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញ​បេសកកម្ម​ការងារនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្លាស់ប្តូរ​មតិយោបល់ និងពិភាក្សា លើកាលានុវត្តភាពធុរកិច្ច និងការវិនិយោគទ្វេភាគី ជាពិសេសផ្ដោតសំខាន់លើ វិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យបង្គោលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ ភាគីម៉ាឡេស៊ីបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកដៃគូសហការ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗ។

បន្ថែមពីលើនេះ គណៈប្រតិភូក៏បានគោរពអញ្ជើញសភាពាណិជ្ជកម្មកម្ពុជា ឱ្យដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា​ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្ម វប្បកម្ម និងកសិទេសចរណ៍ម៉ាឡេស៊ី ឆ្នាំ២០២៦ (MAHA 2026 – Malaysia Agriculture, Horticulture and Agrotourism show) នាខែសីហានេះ ដែលជាព្រឹត្តិការណ៍កសិកម្ម​ដ៏ធំបំផុតមួយនៅក្នុងតំបន់ ដើម្បីបើកឱកាសឱ្យធុរជនកម្ពុជាបានជួបពិភាក្សា និងពង្រីកទីផ្សារដោយផ្ទាល់ជាមួយ​ដៃគូវិនិយោគអន្តរជាតិ។

ជាទីបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការ និងសម្របសម្រួលសកម្មភាពជំរុញពាណិជ្ជកម្មនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជននៃប្រទេសទាំងពីរ ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមា​ពីឱកាសទីផ្សារដែលមានស្រាប់ និងការបង្កើតភាពជាដៃគូយូរអង្វែង ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។