ជាជំហានយុទ្ធសាស្ត្របំប្លែងស្ថាប័ននីតិប្បញ្ញត្តិទៅជា «រដ្ឋសភាឌីជីថល» អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិក (E-Parliament) ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ពិធីបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានការអញ្ជើញជាអធិបតីពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធ E-Parliament ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពការងាររដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងស្របតាមនិន្នាការបរិវត្តកម្មឌីជីថល។ ប្រព័ន្ធ E-Parliament រួមចំណែកដល់ការគ្រប់គ្រងឯកសារសភាបែបឌីជីថល ការសម្រួលការចូលប្រើព័ត៌មាន និងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ។

តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលការណែនាំអំពីមុខងារសំខាន់ៗនៃប្រព័ន្ធ E-Parliament រួមមាន៖ ការចុះវត្តមាន និងការប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក ការគ្រប់គ្រងឯកសារឌីជីថល ការបោះឆ្នោតអេឡិចត្រូនិក ការផ្សាយបន្តផ្ទាល់ និង ការរក្សាទុកកំណត់ត្រាវីដេអូនៃសម័យប្រជុំ ព្រមទាំងការតភ្ជាប់ទៅកាន់ប្រព័ន្ធបណ្ណាល័យឌីជីថល និងវេទិកាសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិកឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅនៃការកសាងរដ្ឋសភាឌីជីថល ដែលមានភាពទំនើប តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍក្នុងយុគសម័យឌីជីថល៕

