ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានជិត ១១លានដុល្លារ គិតត្រឹមចុងខែកុម្ភៈនេះ

សង្គម​និង​សេដ្ឋកិច្ច

គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ  ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាចរកចំណូលបានសរុបជិត ១១លានដុល្លារសហរដ្ឋអាមេរិក។នេះបើតាមកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រវាងរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះ ក្នុងគោលបំណង ពិនិត្យពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ដំណើរប្រតិបត្តិការកន្លងមក ខណៈលោកក៏បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។

ជាងនេះទៀត លោកក៏បានជំរុញឱ្យក្រុមហ៊ុន តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងសោភណ្ឌភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានា តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់ថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមក្រសួងសារធារណការបានឱ្យដឹងថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ ក៏នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ៕