រដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានបង្ហាញការប្តេជ្ញាជំរុញការនាំចេញ និងលើកស្ទួយភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារជំរុញការនាំចេញ ដើម្បីសរុបលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងពិភាក្សាទិសដៅ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៦ ខាងមុខ ដឹកនាំដោយលោក សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
លោក សំហេង បូរ៉ា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន៖ ការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសគោលដៅថ្មីៗ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ការកើនឡើងនៃបរិមាណ និងតម្លៃនាំចេញនៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃ ព្រមទាំងការកែលម្អប្រព័ន្ធគាំទ្រដល់សហគ្រាសនាំចេញ និងអ្នកផលិតក្នុងស្រុក។

ក្នុងឱកាសនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ខណៈលោកក៏បង្ហាញពីការប្តេជ្ញាក្នុងការជំរុញការនាំចេញ និងលើកស្ទួយភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។ជាមួយគ្នានេះ លោក ក៏បានគូសបញ្ជាក់ថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៥ គឺជាមូលដ្ឋានសំខាន់សម្រាប់ការបន្តពង្រីកឱកាសទីផ្សារ និងទាក់ទាញកិច្ចសហការថ្មីៗសម្រាប់ឆ្នាំ២០២៦ ផងដែរ។
សូមរម្លឹកដែរថា ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក៕ អត្ថបទ៖ហ្សាលីន

