កម្ពុជា-សភាពាណិជ្ជកម្មអឺរ៉ុប ពិភាក្សាជំរុញធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដើម្បីជំរុញធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ។តាមរយៈកិច្ចប្រជុំនេះដែរ  សភាពាណិជ្ជកម្មអឺរ៉ុប ក៏បានទស្សនកិច្ចនៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ធ្វើឡើងកាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដឹកនាំដោយលោក Tassilo Brinzer ប្រធាន EuroCham ។

កិច្ចប្រជុំនេះ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ជាពិសេស ទាក់ទងនឹងការដឹកជញ្ជូននាំចេញនិងនាំចូល។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ក្រុមហ៊ុន PPSHV Expressway និងក្រុមហ៊ុន Royal Railway PLC បានចូលរួមផ្តល់យោបល់ និងផ្លាស់ប្តូរទស្សនៈ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានស្រាប់របស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់នូវអនុសាសន៍ណែនាំ និងការចង្អុលបង្ហាញសំខាន់ៗមួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការដោះស្រាយបញ្ហាប្រឈម សំដៅលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏មានភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា សភាពាណិជ្ជកម្មអឺរ៉ុបក៏បានធ្វើទស្សនកិច្ច និងពិនិត្យប្រតិបត្តិការផ្ទាល់ នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមកិច្ចរៀបចំសម្របសម្រួលពីរដ្ឋបាល ក.ស.ស.។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសមត្ថភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិ៕ អត្ថបទ៖ហ្សាលីន