កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បានបើកិច្ចពិភាក្សាគ្នា ពិនិត្យសំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលស្នើដោយភាគី UAE ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។ ការលើកឡើងនេះ បានធ្វើឡើងរវាងជំនួបពិភាក្សារវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក baid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា កាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ភាគីទាំងពីរ បានពិភាក្សាការងារពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលបានដាក់កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជំរៅលើយន្តការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងការសិក្សាពិនិត្យលទ្ធភាពលើសំណើសុំការលើកទិដ្ឋាការទេសចរណ៍របស់ភាគី UAE។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស៊ីជំរៅបន្ថែមទៀតលើយន្តការទាក់ទាញភ្ញៀវទេសចរពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និងតំបន់មជ្ឈិមបូព៌ាតែម្តង តាមរយៈការសិក្សាពិនិត្យលទ្ធភាពសំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលបានស្នើសុំពីភាគីមិត្ត UAE។

គួរបញ្ជាក់ដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាជិត៣.៥០០នាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីមជ្ឈិមបូព៌ាជាង១.២០០នាក់ ដែលបង្ហាញពីសក្តានុពលនៃទីផ្សារទេសចរណ៍តំបន់មជ្ឈិមបូព៌ា ទោះបីមានការរំខានពីបញ្ហាសង្រ្គាមក្នុងតំបន់យ៉ាងណាក្តី៕អត្ថបទ៖ហ្សាលីន


