រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបនៃភាពរឹងមាំរបស់កូនខ្មែរ។នេះបបើយោងតាមសារលិខិត ក្នុងឱកាសរំលឹកខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។

នៅក្នុងសារលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រីជំនាញ និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង និងឆ្លើយតបទាន់ពេលវេលា ក្នុងការអភិរក្ស និងសង្គ្រោះប្រាសាទព្រះវិហារ ទោះបីស្ថិតក្នុងកាលៈទេសៈប្រឈមនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាពយ៉ាងណាក្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងប្រាសាទបុរាណផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ សម្តេចធិបតីថា រដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។ជាថ្មីម្តងទៀត សម្តេច ក៏បានស្នើឱ្យស្មារតីនៃប្រាសាទព្រះវិហារ បន្តស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប និងប្រែក្លាយបទពិសោធន៍ និងការឈឺចាប់ក្នុងអតីតកាល ទៅជាកម្លាំងចិត្តសម្រាប់ការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន និងកសាងសង្គមជាតិឱ្យកាន់តែរឹងមាំប្រកបដោយ ភាពធន់៕ អត្ថបទ៖ហ្សាលីន

