អនុប្រធានទី១ CDC ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងវិស័យភស្តុភារកម្មជាតិ ដើម្បីជំរុញកំណើនពាណិជ្ជកម្មពីអន្តរជាតិ និងទាក់ទាញការវិនិយោគពីបរទេស

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) នាព្រឹកថ្ងៃទីទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី១១ ក្នុងគោលបំណងពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះៗ ចំនួន ៣ រួមមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០)

២. ការរៀបចំប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង

៣. សេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម” ។

ទន្ទឹមនឹងការពិនិត្យវឌ្ឍនភាពការងារខាងលើនេះ អង្គប្រជុំក៏បានពិភាក្សា និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅតម្រង់ទិស និងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មជាតិ និងការដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងមានសមាហរណកម្មខ្លាំងក្លាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។ ក្នុងបរិបទនៃកិច្ចពិភាក្សា អង្គប្រជុំទទួលបានការចូលរួមផ្តល់មតិយោបល់ និងការផ្លាស់ប្តូរទស្សនៈយ៉ាងផុលផុសពីសំណាក់ សមាជិក សមាជិកា ដែលឆ្លុះបញ្ចាំងពីធាតុចូលយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការបន្តទិសដៅការងារទៅមុខប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ សំដៅរួមគ្នាជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មជាតិឱ្យមានវឌ្ឍនភាព និងប្រកបដោយចីរភាព។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា វិស័យភស្តុភារកម្មជាតិ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ហេតុនេះ ការបង្កើនសមត្ថភាព និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យមួយនេះ គឺជាគន្លឹះយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន ក្នុងការជំរុញទំហំពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីបរទេស សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនឧត្តមភាពប្រកួតប្រជែងជាតិនៅលើឆាកអន្តរជាតិ និងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកសាងគ្រឹះសេដ្ឋកិច្ចជាតិមួយដ៏រឹងមាំ និងមានភាពធន់៕