ធនាគារពិភពលោក នឹងបន្តគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារពិភពលោក (World Bank) ថានឹងបន្តគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់លោក Guangzhe Chen អនុប្រធានធនាគារពិភពលោក (World Bank) ក្នុងពេលជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍យូរអង្វែង ក្នុងការគាំទ្រហិរញ្ញប្បទានលើគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដែលជាគម្រោងស្នូលសម្រាប់ពង្រឹងការគ្រប់គ្រងធនធានទឹក ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ អភិវឌ្ឍវិស័យឧតុនិយម ការបន្ស៊ាំនឹងអាកាសធាតុ និងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក សំដៅលើកកម្ពស់សន្តិសុខទឹកប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះ លោក ក៏បានស្នើដល់ធនាគារពិភពលោក បន្តគាំទ្រកម្ពុជាលើការងារអាទិភាពចំនួន ៤ រួមមាន៖ ១. ការអនុវត្តគម្រោង CaWSIP ឱ្យទទួលបានជោគជ័យ ២. ការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹកកម្ពុជា តាមរយៈហិរញ្ញប្បទានសមស្រប ៣. ការរៀបចំ និងអនុវត្តកម្មវិធីវិនិយោគរយៈពេលវែងសម្រាប់អាងទន្លេសាប និង ៤. ការពង្រីកសមត្ថភាពស្តុកទឹកជាយុទ្ធសាស្ត្រនៅតំបន់ព្រំដែន តាមរយៈការកសាងអាងស្តុកទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើម្បីពង្រឹងសន្តិសុខទឹក សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោក Guangzhe Chen បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ធនាគារពិភពលោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕ អត្ថបទ៖ហ្សាលីន