ជប៉ុន បានបង្ហាញពីបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការវិនិយោគលើមន្ទីរពេទ្យឯកជនដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយលោក Yasuhiro Kigawa អគ្គនាយកប្រតិបត្តិ (CEO) និងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន នៅប្រទេសជប៉ុន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងឱកាសនេះ ភាគីជប៉ុន បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការវិនិយោគលើមន្ទីរពេទ្យឯកជន ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្គត់ផ្គង់ឱសថ និងបរិក្ខារវេជ្ជសាស្ត្រផលិតនៅប្រទេសជប៉ុន ការបណ្តុះបណ្តាលគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងការអភិវឌ្ឍដំណោះស្រាយសុខាភិបាលឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណក្រុមហ៊ុនជប៉ុនចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈលោកបានលើកឡើងថា កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានតម្រូវការខ្ពស់លើគុណភាពសេវាសុខាភិបាល ជាពិសេសការវិនិយោគលើមន្ទីរពេទ្យឯកជនឯកទេស និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រពីប្រទេសជប៉ុន សក្តានុពលធំធេងក្នុងការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ ជាពិសេសឯកទេសការព្យាបាលជំងឺបេះដូង ការវះកាត់ឆ្អឹង និងការអភិវឌ្ឍសាលាបណ្តុះបណ្តាលគិលានុបដ្ឋាក ស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តម ក៏បានស្វាគមន៍ចំពោះគម្រោងផ្តល់ជំនួយបរិក្ខារវេជ្ជសាស្ត្រនានា រួមទាំងឧបករណ៍សង្គ្រោះដំបូង និងសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
តាមរយៈជំនួបនេះ កម្ពុជា-ជប៉ុន ក៏បានប្តេជ្ញា ជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងរួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ៕អត្ថបទ៖ហ្សាលីន

