ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំ «វេទិកាដៃគូពាណិជ្ជកម្ម ជីប ម៉ុង» ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដើម្បីថ្លែងអំណរគុណ និងពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានរួមដំណើរជាមួយក្រុមហ៊ុនក្នុងការជំរុញកំណើនអាជីវកម្ម និងការអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេលជាង ៤ ទសវត្សរ៍។


ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការចូលរួមយ៉ាងច្រើនពីដៃគូពាណិជ្ជកម្មទូទាំងប្រទេស ភ្ញៀវកិត្តិយស សិល្បករ-សិល្បការិនី និង KOLs មកពីគ្រប់ទិសទីផងដែរ។
ក្នុងឱកាសនោះ ជីប ម៉ុង បានបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ និងការសម្តែងពិសេសពីថ្នាក់ដឹកនាំក្រុមហ៊ុន ជាមួយពិធីទូងស្គរជ័យ ដែលជានិមិត្តរូបនៃការរីកចម្រើន ភាពរឹងមាំ និងការបន្តឆ្ពោះទៅមុខរបស់ក្រុមហ៊ុន ជីប ម៉ុង។
ក្រៅពីកម្មវិធីកម្សាន្ត និងការជួបជុំបង្កើនទំនាក់ទំនងរវាងដៃគូពាណិជ្ជកម្ម ក្រុមហ៊ុនក៏បានផ្ដល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះដៃគូពាណិជ្ជកម្មដែលតែងតែគាំទ្រ និងរីកចម្រើនជាមួយក្រុមហ៊ុន។
វេទិកាដៃគូពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ជីប ម៉ុង ក្នុងការកសាងទំនាក់ទំនងយូរអង្វែង និងបង្កើតភាពរីកចម្រើនរួមជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដែលជាកម្លាំងដ៏សំខាន់ក្នុងការពង្រីកអាជីវកម្ម និងផ្តល់តម្លៃជូនអតិថិជនទូទាំងប្រទេស។
គួរបញ្ជាក់ថា ជីប ម៉ុង មិនត្រឹមតែផ្តោតលើការអភិវឌ្ឍអាជីវកម្ម និងការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការរីកចម្រើនរបស់ដៃគូពាណិជ្ជកម្មទាំងអ្នកលក់ដុំ និងអ្នកលក់រាយផងដែរ។ ទស្សនវិស័យនៃការរីកចម្រើនជាមួយគ្នានេះ គឺជាមូលដ្ឋានដ៏រឹងមាំដែលធ្វើឱ្យ ជីប ម៉ុង ទទួលបានការជឿទុកចិត្ត និងគាំទ្រពីដៃគូពាណិជ្ជកម្ម និងអតិថិជនជាបន្តបន្ទាប់អស់រយៈពេលជាង ៤ ទសវត្សរ៍។













