មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា កាលពីពេលថ្មីៗនេះ បានស្នើសុំឲ្យចក្រភពអង់គ្លេសបញ្ចេញមាសប្រហែល ៣០ តោន ដែលបច្ចុប្បន្នត្រូវបានបង្កកក្រោមទណ្ឌកម្ម ដើម្បីយកមកជួយកាត់បន្ថយផលវិបាកនៃគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃទី៩ កក្កដាថា ៖”ខ្ញុំបានសម្រេចចិត្តផ្ញើលិខិតមួយទៅកាន់ស្តេច Charles ទី៣ ដោយស្នើសុំឱ្យមានការបញ្ចេញមាសដែលរក្សាទុកនៅធនាគារអង់គ្លេស។ មាសទាំងនេះជារបស់ប្រជាជនវេណេស៊ុយអេឡាគ្រប់គ្នា។ យើងត្រូវការវាដើម្បីឆ្លើយតបទៅនឹងផលវិបាកនៃគ្រោះរញ្ជួយដីដ៏កាចសាហាវ”។
គួរឲ្យដឹងផងដែរថា នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលអង់គ្លេស រួមជាមួយប្រទេសរាប់សិបផ្សេងទៀត បានគាំទ្រមេដឹកនាំប្រឆាំងរបស់វេណេស៊ុយអេឡា លោក Juan Guaido បន្ទាប់ពីលោកបានប្រកាសខ្លួនឯងថាជាមេដឹកនាំបណ្តោះអាសន្ន និងបានចោទប្រកាន់ប្រធានាធិបតី លោក Nicolas Maduro ថាបានក្លែងបន្លំការបោះឆ្នោតឆ្នាំ២០១៨។ នៅពេលនោះ លោក Guaido បានស្នើសុំឱ្យធនាគារអង់គ្លេសរារាំងរដ្ឋាភិបាលវេណេស៊ុយអេឡាពីការចូលទៅប្រើប្រាស់ទុនបម្រុងមាសរបស់ខ្លួន ដែលរក្សាទុកនៅធនាគារជាតិអង់គ្លេស។
យ៉ាងណាមិញ ក្រោយមកធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡា បានប្តឹងធនាគារអង់គ្លេស ប៉ុន្តែរហូតមកដល់ពេលនេះមិនអាចយកទ្រព្យសម្បត្តិដែលត្រូវបានបង្កកទាំងនេះ ត្រលប់មកប្រទេសខ្លួនវិញបាននោះឡើយ។
ជម្រាបជូនថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកើតឡើងផ្ទួនៗ បានវាយប្រហារប្រទេសវេណេស៊ុយអេឡានៅចុងខែមុន ដោយបានសម្លាប់មនុស្សជាង ៣ ៨០០ នាក់ បំផ្លាញទីលំនៅជាច្រើន និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ វាគឺជាគ្រោះមហន្តរាយរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយដែលបានកើតឡើងនៅទ្វីបអាមេរិកឡាទីន៕

